ឯកឧត្តម នេត្រ ភក្រ្តា អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដៅការងារផ្សព្វផ្សាយដល់អង្គភាពសារព័ត៌មាន...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដៅការងារផ្សព្វផ្សាយ ដល់អង្គភាពសារព័ត៌មាន ព្រមទាំងអ្នកអនុវត្តសកម្មភាពការងារលើវិស័យព័ត៌មាន និងសោតទស្សន៍។
ជំនួបនេះបានប្រព្រឹត្តទៅនៅសាលមណ្ឌលបណ្ដុះបណ្ដាលវិក្រឹតការ និងវិជ្ជាជីវៈសារព័ត៌មាន នៃទីស្ដីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីតំណាងអង្គភាពសារព័ត៌មាន និងអ្នកប្រកបការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ជំនួបសំណេះសំណាលនេះមានគោលបំណងពង្រឹងកិច្ចសហការរវាងក្រសួងព័ត៌មាន និងអង្គភាពសារព័ត៌មាន ព្រមទាំងតម្រង់ទិសដៅការងារផ្សព្វផ្សាយឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងទិសដៅសំខាន់ៗ ដើម្បីឱ្យអ្នកសារព័ត៌មាន និងអ្នកអនុវត្តការងារលើវិស័យព័ត៌មាន និងសោតទស្សន៍ បន្តបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់លើគុណភាពព័ត៌មាន ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងមានប្រយោជន៍ជូនសាធារណជន។
ជំនួបនេះក៏ជាឱកាសសម្រាប់បង្កើនការយោគយល់ កិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍រវាងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈ៕






