រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក សេង គន្ធ


 រដ្ឋបាលខណ្ឌមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក សេង គន្ធ

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ក្រោមអធិបតីភាពលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដោយអនុវត្តតាមការដឹកនាំ និងការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីរដ្ឋបាលខណ្ឌ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានា និងដាក់ចេញនូវទិសដៅការងារសំខាន់ៗ សម្រាប់បន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព។
ជាពិសេស កិច្ចប្រជុំបានផ្តោតលើការពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ការគ្រប់គ្រងសភាពការណ៍ក្នុងមូលដ្ឋាន ក៏ដូចជាការដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោក សេង គន្ធ បានជំរុញឱ្យមន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនឱ្យបានម៉ឺងម៉ាត់ មានការទទួលខុសត្រូវ និងសហការគ្នាឱ្យបានល្អ ដោយត្រូវចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌមានជ័យ នឹងបន្តអនុវត្តការងារតាមទិសដៅ និងគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលមូលដ្ឋាន ពង្រឹងការផ្តល់សេវាសាធារណៈ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខណ្ឌមានជ័យបានបញ្ជាក់ពីការបន្តខិតខំប្រឹងប្រែង និងបង្កើនកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍក្នុងមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។